ល្បែងស៊ីសងនៅជាន់ទី៣ផ្សារស្ទឹងមានជ័យថ្មី កំពុងបើកដំណើរការឡើងវិញយ៉ាងគគ្រឹកគគ្រេង
សេចក្តីរាយការណ៍ពីក្រុមអាជីវករនៅផ្សារស្ទឹងមានជ័យថ្មី បានឲ្យដឹងថា ហ្គេមបាញ់ត្រីនិងល្បែងស៊ីសងច្រើនប្រភេទជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា នៅជាន់ទី៣ ផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កំពុងបើកដំណើរការឡើងវិញយ៉ាងសុខស្រួល។
ប្រភពបានឲ្យដឹងទៀតថា កន្លងមកល្បែងស៊ីសងជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា នៅជាន់ទី៣ផ្សារស្ទឹងមានជ័យថ្មី ត្រូវបានបិទមួយរយៈពេលខ្លី ហើយឥឡូវនេះស្រាប់តែបើកឡើងវិញយ៉ាងរលូន។ ចំណែកលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កំពុងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល។
តាមការអះអាងរបស់ក្រុមអាជីវករនៅផ្សារស្ទឹងមានជ័យថ្មី បានឲ្យដឹងថា ក្រោយពេលល្បែងស៊ីសងជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា បើកដំណើរការឡើងវិញគឺមានអ្នកចូលលេងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេ។ ដូច្នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះល្បែងស៊ីសងជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា ត្រូវបិទបានតែក្នុងរយៈពេលខ្លី ហើយបើកឡើងវិញយ៉ាងស្រួលៗតែម្តង។
ប្រភពខ្លះបង្ហើបឲ្យដឹងថា ទំនងជាម្ចាស់មណ្ឌលកំសាន្ត វ៉ាន់ដា មានខ្នងបង្អែកក្រាស់ឬមានការបើកដៃពីសំណាក់សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានទើបល្បែងស៊ីសងជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា អាចដំណើរការឡើងវិញយ៉ាងពេញបន្ទុក។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យទី១ បានកត់សម្គាល់ថា ដោយសារល្បែងស៊ីសងជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា នោះហើយទើបនៅក្នុងមូលដ្ឋានពួកគាត់កើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។
ប្រជាពលរដ្ឋបានរិះគន់ថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់សង្កាត់ថ្នាក់ខណ្ឌទេនោះគឺល្បែងស៊ីសងជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា មិនអាចបើកដំណើរការឡើងវិញយ៉ាងស្រួលៗបានឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងសង្កាត់ស្ទឹងមានជ័យទី១ ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យបានប្រសើរឡើងវិញ៕